ព្រះពុទ្ធអង្គ (The Buddha)
ព្រះពុទ្ធអង្គទ្រង់មានព្រះនាមដើមថា " សិទ្ធត្ថ " (សំស្រ្កឹតហៅថា សិទ្ធាថិ ) និងព្រះនាមដោយគោត្ត (ត្រកូល) ថា " គោតម " (សំស្រ្កឹតថា គៅតម ) ។
ព្រះអង្គទ្រង់គង់ប្រថាប់ នៅក្នុងប្រទេសឥណ្ឌា ភាគខាងជើង ក្នុងសតវត្សរ៍ទី៦ មុន គ្រិស្តសករាជ ។ ព្រះរាជបិតារបស់ទ្រង់មានព្រះនាមថា សុទ្ធោទនៈ ជាក្សត្រនៃនគរសាក្យ (បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសនេប៉ាល់) ។ ព្រះរាជមាតារបស់ព្រះអង្គទ្រង់ព្រះនាមថា សិរិមហាមាយា ។
យោងទៅតាមប្រពៃណីនាយុគសម័យនោះ ព្រះអង្គទ្រង់បានរៀបអភិសេកទាំងដែលនៅមានវ័យក្មេងនៅឡើយ ពោលគឺនៅព្រះជន្ម ១៦ ព្រះវស្សាជាមួយនឹងព្រះនាង យសោធរាពិម្ពា ដែលមានសម្រស់ស្រស់ស្អាតនិងពោរពេញទៅដោយស្វាមីភក្តិរកស្រីប្រដូចគ្មាន ។
ព្រះសិទ្ធត្ថ ទ្រង់គង់ប្រថាប់នៅក្នុងព្រះរាជវាំងរបស់ព្រះអង្គ ព្រមជាមួយស្រីស្នំនិងរាជបរិវារ ដែលនៅរង់ចាំគាល់បម្រើនិងបំពេញទៅតាមគ្រប់តម្រូវការរបស់ព្រះអង្គ ។
ប៉ុន្តែដោយនឹកស្មានមិនដល់ ព្រះអង្គទ្រង់បានជួបប្រទះនូវសច្ចធម៌នៃជីវិត និងសេចក្តីទុក្ខរបស់មនុស្សជាតិ (សត្វលោក) ទើបសម្រេចព្រះទ័យដែលនឹងរកដំណោះស្រាយ ពោលគឺផ្លូវដែលអាចរួចចាកផុតអំពីសេចក្តីទុក្ខ ដែលមាននៅក្នុងលោកយើងនេះ ។
ក្នុងព្រះជន្មាយុ ២៩ ព្រះវស្សា មិនយូរប៉ុន្មានបន្ទាប់ពីការប្រសូតនៃព្រះរាជបុត្រាមួយព្រះអង្គគត់របស់ព្រះអង្គ គឺព្រះរាជកុមាររាហុល ព្រះអង្គទ្រង់បានចាកចោលអាណាចក្ររបស់ព្រះអង្គ ហើយទៅទ្រង់ផ្នួសជាបព្វជិត (ឥសី) ដើម្បីស្វែងរកផ្លូវរំលត់ទុក្ខ ។
អស់រយៈពេល ៦ ឆ្នាំ ដែលព្រះឥសីគោតមបានធ្វើដំណើរត្រាច់ចរទៅតាមតំបន់ផ្សេងៗ នៃជ្រលងទន្លេគង្គា ទ្រង់បានជួបប្រទះជាមួយគណាចារ្យផ្នែកសាសនា ដែលមានឈ្មោះបោះសម្លេងជាច្រើន ។ ព្រះអង្គទ្រង់បានសិក្សានិងបដិបត្តិតាមបែបផែន ព្រមទាំងវិធីសាស្រ្តផ្សេងៗរបស់គ្រូទាំងនោះ ដោយទ្រង់ថែមទាំងបានដាក់ព្រះកាយទទួលយកនូវវត្តបដិបត្តិបែបទុក្ករកិរយា ដ៏សែនតឹងតែងក្រៃលែង ។
ប៉ុន្តែវត្តបដិបត្តិព្រមទាំងបែបផែនក៏ដូចជាវិធីសាស្រ្តរបស់សាសនាទាំងនោះ មិនបានធ្វើឲ្យព្រះអង្គទ្រង់ពេញព្រះទ័យឡើយ (ដោយទ្រង់យល់ឃើញថាមិនមែនជាផ្លូវដែលអាចនាំបុគ្គល ឲ្យរួចផុតចាកពីសេចក្តីទុក្ខបាន ) ។
ដូចនោះហើយទើបទ្រង់លះបង់ចោលនូវសាសនាទាំងឡាយដែលមានមកពីមុន រួមទាំងវិធីសាស្រ្តនៃសាសនាទាំងនោះ ហើយធ្វើដំណើរទៅតាមផ្លូវរបស់ព្រះអង្គផ្ទាល់ ។
បន្ទាប់ពីនោះមករហូតដល់យប់មួយ ព្រះអង្គទ្រង់បានប្រថាប់គង់នៅក្រោមដើមឈើមួយ (ចាប់ពីពេលនោះមកក៏ត្រូវបានគេហៅថា " ដើមពោធិ៍ " ឬមានន័យថាដើមឈើនៃការត្រាស់ដឹង ) ។ ស្ថិតក្នុងរាត្រីនោះឯង ដែលព្រះអង្គទ្រង់សម្រេចបាននូវព្រះអនុត្តរសម្មាសម្ពោធិញាណ ត្រាស់ដឹងនូវលោកុត្តរធម៌ក្នុងព្រះជន្មាយុ ៣៥ ព្រះវស្សា ដែលបន្ទាប់ពីនោះមក ព្រះអង្គត្រូវបានគេស្គាល់ក្នុងព្រះនាមថា " ព្រះពុទ្ធជាម្ចាស់ " ឬ " ព្រះអ្នកត្រាស់ដឹង " (នូវសេចក្តីពិត ) ។
បន្ទាប់អំពីការត្រាស់ដឹងរបស់ព្រះអង្គហើយ ព្រះពុទ្ធជាម្ចាស់ក៏បានទ្រង់ប្រទាននូវបឋមទេសនាដល់បញ្ចវគ្គីយ៍ ដែលជាមិត្តរួមបដិបត្តិធម៌មកជាមួយព្រះអង្គតាំងតែពីគ្រាដំបូង នាឧទ្យានក្តាន់ស្ថិតក្នុងព្រៃឥសិបតនៈ (បច្ចុប្បន្នស្ថិតនៅក្នុងតំបន់សារនាថរបស់ឥណ្ឌា) ជិតនគរពារាណសី ។
រាប់តាំងអំពីនោះមកអស់រយៈពេល ៤៥ ព្រះវស្សា ព្រះអង្គទ្រង់បានទេសនាទូន្មានមនុស្សប្រុសស្រីគ្រប់មជ្ឈដ្ឋានគ្រប់ជាន់ថ្នាក់រួមមាន ក្សត្រ ព្រាហ្មណ៍ មន្រ្តីរាជការ គហបតី ពាណិជ្ជករ កសិករ អ្នកសុំទាន បព្វជិត ចោរ ដោយទ្រង់ពុំបានរើសមុខឬបែងចែងវណ្ណៈជាន់ថ្នាក់ក្នុងចំណោមជនទាំងនោះឡើយ ។
ព្រះអង្គទ្រង់មិនទទួលស្គាល់ផងដែរនូវភាពខុសប្លែកគ្នានៃវណ្ណៈ ក៏ដូចជាការបែងចែកក្រុមជននៅក្នុងសង្គម ។ ចំពោះមាគ៌ាដែលព្រះអង្គទ្រង់ទូន្មាននោះ គឺទ្រង់បើកទទួលមនុស្សគ្រប់ៗគ្នាដែលស្ម័គ្រចិត្តទទួលយកនូវឱវាទទូន្មានរបស់ព្រះអង្គ ដោយពុំមានការបង្ខិតបង្ខំអ្វីឡើយ ។
លុះព្រះជន្មាយុគម្រប់ ៨០ ព្រះវស្សា ព្រះពុទ្ធអង្គក៏រំលត់ខន្ធបរិនិព្វាននៅនានគរកុសិនារា (បច្ចុប្បន្ននៅក្នុងតំបន់ឧត្តរប្រទេសរបស់ឥណ្ឌា)។
បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនាត្រូវបានគោរពនិងប្រកាន់ខ្ជាប់ នៅក្នុងបណ្តាប្រទេសជាច្រើនដូចជា ស្រីលង្កា កម្ពុជា ភូមា ថៃ ឡាវ វៀតណាម ទីបេតិ៏ ចិន ជប៉ុន ម៉ុងហ្គោលី កូរ៉េ កោះហ្វម៉ូហ្សា (តៃវ៉ាន់) តំបន់ខ្លះនៃប្រទេសឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ ព្រមទាំងសហភាពសូវៀត (រុស្សី) ផងដែរ ។
ពុទ្ធសាសនិកជនទូទាំងពិភពលោក មានចំនួនសរុបច្រើនជាង ៥០០ លាននាក់ (អំឡុងទសវត្សរ៍ទី ៥០ ) ។
ស្រងចាកសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី ? " ប្រែសម្រួលដោយ លីន-កុសល