រឿងកដ្ឋហរកៈ
( ចាក ម. អ. )
( អ្នកមានលាភ មិនស្មើអ្នកមានបុណ្យ )
ក្នុងកាលកន្លងទៅហើយ មានបុរសម្នាក់រកស៊ីលក់អុស នៅក្នុងក្រុងពារាណសី ។ ថៃ្ងមួយបុរសនោះចេញទៅនាំអុសអំពីព្រៃ ដើម្បីយកទៅលក់ឯក្រុងវេសាលី ស្ភុនដំណើរទៅមិនដល់ទីក្រុង ក៏ដាក់រទះដេកក្បែរខ្ទមអ្នកតាមួយ នៅលើដើមឈើក្បែរខ្ទមអ្នកតានោះ មានមាន់ដេកជាច្រើន ។
ពួកមាន់ទាំងនោះ មានមាន់មួយដេកខ្ពស់ជាងគេ បានជុះដាក់មាន់ដែលដេកខាងក្រោម ។ មាន់ដេកខាងក្រោមសួរថា អ្នកណាជុះដាក់យើង មាន់ខាងលើប្រាប់ថាខ្ញុំជុះ មិនបានជាគិត ហើយជុះដាក់ម្តងទៀត ។
មាន់ទាំងពីរក៏កើតវិវាទ ទាស់ទែងសួរគ្នាទៅវិញទៅមកថា កម្លាំងសាច់របស់អ្នកមានអានុភាពយ៉ាងណា ពូកែដូចម្តេចខ្លះ ? ។ លំដាប់នោះមាន់ដេកខាងលើនិយាយឡើងថា សាច់ខ្ញុំមានអានុភាពណាស់ អ្នកណាមបានបរិភោគ អ្នកនោះត្រូវបានប្រាក់១ពាន់រៀលពីព្រលឹម ។
ចំណែកខាងមាន់ដែលដេកខាងលើនិយាយថា សាច់អ្នកឯងមិនដល់សាច់ខ្ញុំទេ បើអ្នកណាស៊ីសាច់ចំឡករបស់ខ្ញុំ អ្នកនោះនឹងបានជាស្តេច បើអ្នកណាស៊ីសាច់ខាងក្រៅ អ្នកនោះបើជាបុរសនឹងបានជាសេនាបតី បើជាស្រ្តីនឹងបានជាអគ្គមហេសី ។ បើអ្នកណាស៊ីសាច់បន្ទាប់ឆ្អឹង អ្នកនោះបើជាគ្រហស្ថនឹងបានជានាយឃ្លាំង បើជាបព្វជិតនឹងបានជាជីតុនព្រះរាជា ។
កដ្ឋហារបុរស លុះឮពាក្យរបស់មាន់ទាំងពីរហើយ ក៏ឡើងទៅចាប់យកមាន់ខាងលើដោយបំណងថានឹងបានជាស្តេច ហើយយកមាន់នោះទៅឲ្យភរិយាចំអិនជាអាហារ ។ លុះភរិយាចំអិនហើយ ដាក់ក្នុងភាជន៍យកជូនស្វាមី ៗ ប្រាប់ថាសាច់មាន់នោះមានអានុភាពធំណាស់ យើងទាំងពីរនាក់បរិភោគនឹងបានជាស្តេច ជាអគ្គមហេសី ចូរនាងយកភាជន៍ទៅក្បែរស្ទឹងគង្គា យើងនាំគ្នាមុជទឹកហើយសឹមបរិភោគ ។ ជនទាំងពីរនាក់ស្វាមីភរិយា នាំគ្នាយកភាជន៍ដែលដាក់មាន់នោះ ទុកក្បែរមាត់ច្រាំងហើយចុះមុជទឹកទាំងពីរនាក់ទៅ ។ ពេលនោះមានខ្យល់ព្យុះបក់ទឹក ឲ្យរលកឡើងលើមាត់ច្រាំង បន្សាត់យកភាជន៍ដាក់មាន់នោះទៅ ។
ពេលនោះមានហ្មដំរីម្នាក់ កំពុងលាងដំរីខាងក្រោមខ្សែទឹក បានឃើញភាជន៍អណ្តែតនោះ ចាប់បើកមើលឃើញមាន់ស្មោរនិងបាយក៏យកទៅឲ្យភរិយា ។ ឯបុរសពីរនាក់ប្តីប្រពន្ធដែលមុជទឹកនោះជា បុគ្គលឥតបុណ្យគ្រាន់តែមានលាភចាប់បានមាន់យកមកបោចស្ងោរបុណ្ណោះ កាលបើភាជន៍ដាក់មាន់អណ្តែតបាត់ហើយ ក៏ដល់នូវសេចក្តីទុក្ខព្រួយជាខ្លាំង ហើយត្រឡប់ទៅផ្ទះទៅ ។ លំដាប់នោះមានតាបសម្នាក់ភ្នែកទិព្វ ជាជីតុនរបស់ហ្មដំរីនោះ បានគិតថាឧបដ្ឋាករបស់អញ ពេលណានឹងលះបង់ចោលឋានៈ ជាហ្មដំរី បានជាអ្នកមានទ្រព្យសម្បត្តិយសស័ក្កិនឹងគេ ។ លុះពិចារណាដឹងថានឹងបានសោយរាជ្យជាស្តេច ក៏ម្នីម្នាទៅផ្ទះហ្មដំរីនោះ ។ ឯហ្មដំរីបានឃើញតាបសទៅដល់ក៏ហែកសាច់មាន់នោះយក សាច់ចំឡកឲ្យហ្មដំរី សាច់ខាងក្រៅឲ្យដល់ភរិយាហ្មដំរី ខ្លួនឯងក៏ឆាន់សាច់បន្ទាប់ឆ្អឹង លុះឆាន់ហើយប្រាប់ដល់ហ្មដំរីថា អ្នកកុំប្រមាទនៅបីថ្ងៃទៀតអ្នកនឹងបានជាស្តេច ប្រាប់ហើយក៏ចៀសចេញទៅ ។
លុះដល់ថ្ងៃទីបីមានស្តេចសាមន្តរាជមួយអង្គ មកលោមព័ទ្ធក្រុងពារាណសី កាលនោះព្រះរាជាទ្រង់បង្គាប់ឲ្យហ្មដំរី ក្លែងជាស្តេច ហើយទ្រង់មានព្រះតម្រាស់ថា អ្នកចូរឡើងជិះដំរីទៅច្បាំង ឯព្រះរាជាក៏ក្លែងភេទត្រួតត្រាសេនាដោយអង្គឯង ។ ក្នុងពេលនោះស្រាប់តែមានសរមួយដ៏ក្លៀវក្លាត្រូវព្រះរាជាសោយទិវង្គតទៅ ។ ហ្មដំរីដឹងថាព្រះរាជាសោយទិវង្គតហើយ ក៏ចាត់ចែងទ័ព ចូលទៅសម្លាប់ស្តេចសាមន្តរាជក្នុងពេលនោះ ។ ពួករាជអាមាត្យទាំងឡាយបានធ្វើសរីរកិច្ចព្រះរាជារបស់ខ្លួនស្រេចហើយ បានប្រឹក្សាគ្នាថា ព្រះរាជាកាលទ្រង់ព្រះជន្មនៅ បានព្រះរាជទានភេទរបស់ទ្រង់ដល់ហ្មដំរីនេះ ទើបនាំគ្នាអភិសេកហ្មដំរី ឲ្យសោយរាជ្យក្នុងក្រុងពារាណសីនោះទៅ ។ ឯភរិយាបានជាអគ្គមហេសី តាបសបានជាជីតុនរបស់ព្រះរាជានោះឯង ។
( មហាសំ សុខ និស្សិតសាលាបាលីជាន់ខ្ពស់ ) អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។