វត្តទក្ខិណាំវ័នពោធិព្រឹក្ស(ព្រែកគយចាស់), ភូមិផ្នោកណ្តាល,ទីរួមស្រុកលិចហូយធឿង,ស្រុកត្រឹងដេ,ខេត្តឃ្លាំង

Sunday, 24 February 2013

តួនាទីរបស់ព្រះសង្ឃក្នុងសង្គមខ្មែរ

ព្រះសង្ឃជួយបង្រៀននិងអប់រំ​ដល់ប្អូនៗនាឪកាសវិស្សមកាលជារៀងរាល់ឆ្នាំ​ ។

ក្លោងទ្វាវត្ត


ព្រះវិហារ



ព្រះសង្ឃកំពុងបង្រៀននិងពន្យល់ដល់ប្អូនៗ


ទិដ្ឋភាពក្នុងសាលារៀនប្អូនៗយកចិត្តទុកដាក់យ៉ាងខ្លាំង



​​​​​​​​​​​​ លោកគ្រូប្រធានសង្ឃជូនរង្វាន់ដល់ប្អូនៗដែលរៀនពូកែបំផុតក្នុងថ្នាក់


ថតរូបអនុស្សាវរិយ៍



រឿង​កដ្ឋ​ហរកៈ

រឿង​កដ្ឋ​ហរកៈ ( ចាក​ ម. អ. ) ( អ្នកមាន​លាភ​ មិន​ស្មើ​អ្នក​មាន​បុណ្យ ) 

    ក្នុង​កាល​កន្លង​ទៅ​ហើយ​ មាន​បុរស​ម្នាក់​រក​ស៊ី​លក់​អុស​ នៅ​ក្នុង​ក្រុង​ពា​រា​ណសី​ ។ ថៃ្ង​មួយ​បុរស​នោះ​ចេញ​ទៅ​នាំ​អុស​អំ​ពី​ព្រៃ​ ដើម្បី​យក​ទៅ​​លក់​ឯ​ក្រុង​វេសា​លី​ ស្ភុន​ដំ​ណើរ​ទៅ​មិន​ដល់​ទី​ក្រុង​ ក៏​ដាក់​រទះ​ដេក​ក្បែរ​ខ្ទម​អ្នក​តា​មួយ​ នៅ​លើ​ដើម​ឈើ​ក្បែរ​ខ្ទមអ្នក​តា​នោះ​ មាន​​មាន់​ដេក​ជា​ច្រើន​ ។ ពួក​មាន់​ទាំង​នោះ​ មាន​មាន់​មួយ​ដេក​ខ្ពស់​ជាង​គេ​ បាន​ជុះ​ដាក់​មាន់​ដែល​ដេក​ខាង​ក្រោម​ ។ មាន់​ដេក​ខាង​ក្រោម​សួរ​ថា អ្នក​ណា​ជុះ​ដាក់​យើង​ មាន់​ខាង​លើ​ប្រាប់​ថា​ខ្ញុំ​ជុះ មិន​បាន​ជា​គិត​ ហើយ​ជុះ​ដាក់​ម្តង​ទៀត​ ។
    មាន់​ទាំង​ពីរ​ក៏​កើត​វិ​វាទ ទាស់​ទែង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ កម្លាំង​សាច់​របស់​អ្នក​មាន​អា​នុ​ភាពយ៉ាង​ណា ពូ​កែ​ដូច​ម្តេច​ខ្លះ ? ។ លំ​ដាប់​នោះ​មាន់​ដេក​ខាង​លើ​និយាយ​ឡើង​ថា សាច់​ខ្ញុំ​មាន​អា​នុ​ភាព​ណាស់​ អ្នក​ណា​មបាន​បរិភោគ​ អ្នក​នោះ​ត្រូវ​បាន​ប្រាក់​១ពាន់​រៀល​ពី​ព្រលឹម​ ។​
    ចំ​ណែក​ខាង​មាន់​ដែល​ដេក​ខាង​លើ​និយាយ​ថា សាច់​អ្នក​ឯង​មិន​ដល់​សាច់​ខ្ញុំ​ទេ បើ​អ្នក​ណា​ស៊ី​សាច់​ចំ​ឡក​របស់​ខ្ញុំ ​អ្នក​នោះ​នឹង​បាន​ជា​ស្តេច​ បើ​អ្នក​ណា​ស៊ី​សាច់​ខាង​ក្រៅ​ អ្នក​នោះ​បើ​ជា​បុរស​នឹង​បាន​ជា​សេនាបតី​ បើ​ជា​ស្រ្តី​នឹង​បាន​ជា​អគ្គមហេ​សី ។​ បើ​អ្នក​ណា​ស៊ី​សាច់​បន្ទាប់​ឆ្អឹង​ អ្នក​នោះ​បើ​ជា​គ្រហស្ថ​នឹង​បាន​ជា​នាយ​ឃ្លាំង បើ​ជា​បព្វ​ជិត​នឹង​បាន​ជា​ជីតុន​ព្រះ​រាជា ។ កដ្ឋ​ហារបុរស​ លុះ​ឮ​ពាក្យ​របស់​មាន់​ទាំង​ពីរ​ហើយ ក៏​ឡើង​ទៅ​ចាប់​យក​មាន់​ខាង​លើ​ដោយ​បំ​ណង​ថា​នឹង​បាន​ជា​ស្តេច ហើយ​យក​មាន់​នោះ​ទៅ​ឲ្យ​ភរិយា​ចំ​អិន​ជា​អាហារ​ ។ លុះ​ភ​រិយា​ចំ​អិន​ហើយ ដាក់​ក្នុង​ភាជ​ន៍​យក​ជូន​ស្វា​មី​ ៗ ប្រាប់ថា​សាច់​មាន់​នោះ​មាន​អានុ​ភាព​ធំ​ណាស់ ​យើង​ទាំង​ពីរ​នាក់​បរិភោគ​នឹង​បាន​ជា​ស្តេច​ ជា​អគ្គ​មហេសី​ ចូរ​នា​ង​យក​ភាជន៍ទៅ​ក្បែរ​ស្ទឹង​គង្គា​ យើង​នាំ​គ្នា​មុជ​ទឹ​ក​ហើយ​សឹម​បរិភោគ​ ។ ជន​ទាំង​ពីរ​នាក់​ស្វា​មី​ភរិយា​ នាំ​គ្នា​យក​ភាជន៍​ដែល​ដាក់​មាន់​នោះ​ ទុក​ក្បែរ​មាត់​ច្រាំង​ហើយ​ចុះ​មុជ​ទឹក​ទាំង​ពីរ​នាក់ទៅ ។ ពេល​នោះ​មាន​ខ្យល់​ព្យុះ​បក់​ទឹក ឲ្យ​រលក​ឡើង​លើ​មាត់​ច្រាំង បន្សាត់​យក​ភាជន៍​​ដាក់​មាន់​នោះ​ទៅ​ ។​
     ពេល​នោះ​មាន​ហ្ម​ដំ​រី​ម្នាក់​ កំ​ពុង​លាង​ដំរី​ខាង​ក្រោម​ខ្សែ​ទឹក​ បាន​ឃើញ​ភាជន៍​អណ្តែត​នោះ​ ចាប់​បើក​មើល​ឃើញ​មាន់​​ស្មោរ​និង​បាយ​​ក៏​យក​ទៅ​ឲ្យ​ភរិយា​ ។​ ឯ​បុរស​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​មុជ​ទឹក​នោះ​ជា​ បុគ្គល​ឥត​បុណ្យ​​គ្រាន់​តែ​មាន​លាភ​ចាប់​បាន​មាន់​យក​មក​បោច​ស្ងោរបុណ្ណោះ​ កាល​បើ​ភាជន៍​ដាក់​មាន់​អណ្តែត​បាត់​ហើយ​ ក៏​ដល់​នូវ​សេចក្តី​ទុ​ក្ខ​ព្រួយ​ជា​​ខ្លាំង​ ហើយ​ត្រ​ឡប់​ទៅ​ផ្ទះ​ទៅ​ ។ លំ​ដាប់​នោះ​មាន​តាបស​ម្នាក់​ភ្នែក​ទិព្វ​ ជា​ជី​តុន​របស់​ហ្ម​ដំរី​នោះ​ បាន​គិត​ថា​ឧ​បដ្ឋាក​របស់​អញ ពេល​ណា​នឹង​លះ​បង់​ចោល​ឋានៈ ជា​ហ្ម​ដំ​រី​ បាន​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​យស​ស័ក្កិ​នឹង​គេ​ ។ លុះ​ពិចារ​ណា​ដឹង​ថា​នឹង​បាន​សោយ​រាជ្យ​ជា​ស្តេច​​ ក៏​ម្នី​ម្នា​ទៅ​ផ្ទះ​ហ្ម​ដំរី​នោះ​ ។ ឯ​ហ្ម​ដំរី​បាន​ឃើញ​តា​បស​ទៅ​ដល់​​ក៏​ហែក​សាច់​មាន់​នោះ​យក​ សាច់​ចំ​ឡក​ឲ្យ​ហ្ម​ដំរី​ សាច់​ខាង​ក្រៅ​ឲ្យ​ដល់​ភរិយា​ហ្ម​ដំរី​ ខ្លួន​ឯង​ក៏​ឆាន់​សាច់​បន្ទាប់​ឆ្អឹង​ លុះ​ឆាន់​ហើយ​ប្រាប់​ដល់​ហ្ម​ដំរី​ថា អ្នក​កុំ​ប្រ​មាទ​នៅ​បី​ថ្ងៃ​ទៀត​អ្នក​នឹង​បាន​ជា​ស្តេច​ ប្រាប់​ហើយ​ក៏​ចៀស​ចេញ​ទៅ​ ។
    លុះ​ដល់​ថ្ងៃ​ទី​បី​មាន​ស្តេច​សា​មន្ត​រាជ​មួយ​អង្គ​ មក​លោម​ព័ទ្ធ​ក្រុង​ពារាណ​សី​ កាល​នោះ​ព្រះ​រាជា​​ទ្រង់​បង្គាប់​ឲ្យ​ហ្ម​ដំ​រី​ ក្លែង​ជា​ស្តេច ហើយ​ទ្រង់​មាន​ព្រះ​តម្រាស់​ថា អ្នក​ចូរ​ឡើង​ជិះ​ដំ​រី​ទៅ​ច្បាំង ឯ​ព្រះ​រា​ជា​ក៏​ក្លែង​ភេទ​ត្រួត​ត្រា​សេ​នា​ដោយ​អង្គ​​ឯង​ ។ ក្នុង​ពេល​​នោះ​ស្រាប់​តែ​មាន​សរ​មួយ​ដ៏​ក្លៀវ​ក្លា​ត្រូវ​ព្រះ​រាជា​សោយ​ទិវង្គ​តទៅ ។​ ហ្ម​ដំ​រី​ដឹង​ថា​ព្រះ​រាជា​សោយ​ទិវង្គត​ហើយ​ ក៏​ចាត់​ចែង​ទ័ព ចូល​ទៅ​សម្លាប់​ស្តេច​សាមន្ត​រាជ​ក្នុង​ពេល​នោះ ។ ពួក​រាជ​អាមាត្យ​ទាំង​ឡាយ​បានធ្វើ​សរីរកិច្ច​ព្រះ​រាជា​របស់​ខ្លួន​ស្រេច​ហើយ​ បាន​ប្រឹ​ក្សា​គ្នា​ថា ព្រះ​រា​ជា​កាល​ទ្រង់​​ព្រះ​ជន្ម​នៅ​ បាន​ព្រះ​រាជ​ទាន​ភេទ​របស់​ទ្រង់​ដល់​ហ្មដំរី​នេះ ទើប​នាំ​គ្នា​អភិសេក​ហ្ម​ដំរី ឲ្យ​សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី​នោះ​ទៅ​ ។​ ឯ​ភរិយា​បាន​ជា​អគ្គ​មហេសី​ តាបស​បាន​ជា​ជី​តុន​របស់​ព្រះ​រាជា​នោះ​ឯង ។ ( មហា​សំ សុខ និស្សិត​សា​លា​បាលី​ជាន់​ខ្ពស់ ) អត្ត​បទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រ​ជុំ​និទាន​ជា​តក​ ។ អត្ត​បទ​នេះ​វាយ​បញ្ចូល​ដោយ​កញ្ញា​ ហេង​ សំ​ដា​ណែត ។

Tuesday, 12 February 2013

ធម៌នមស្ការព្រះរតនត្រៃសង្ខេប និង សមាទានឧបោសថសីល

ធម៌នមស្ការព្រះរតនត្រៃសង្ខេប និង សមាទានឧបោសថសីល ដឹកនាំសូត្រ/សូធ្យដោយសម្ដេច ហួត តាត កាលពីសម័យដើម Cambodian Dhamma Chanting/ Namassakar Thvay Bangkum Preah Rathanatrai and Taking Eight precepts led by Samdech Huot Tat at Wat Unnalom Phnom Penh, Cambodia since 1960s


Sunday, 22 July 2012



ព្រះ​ពុទ្ធ​អង្គ (The Buddha)



     ព្រះ​ពុទ្ធ​អង្គ​ទ្រង់​មាន​ព្រះ​នាម​ដើម​ថា " សិទ្ធត្ថ​ " (សំ​ស្រ្កឹត​ហៅ​ថា​ សិទ្ធាថិ ) និង​ព្រះ​នាម​ដោយ​គោត្ត​ (ត្រកូល​)​ ថា​ " គោតម " (សំស្រ្កឹត​ថា​ គៅតម ) ។ 
     ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​ នៅ​ក្នុង​ប្រ​ទេ​សឥ​ណ្ឌា​ ភាគ​ខាង​ជើង​ ក្នុង​សតវត្ស​រ៍​ទី​៦​ មុន​ គ្រិស្ត​សករា​ជ​ ។ ព្រះ​រាជ​បិតា​របស់​ទ្រង់​មាន​ព្រះ​នាម​ថា​ សុទ្ធោ​ទនៈ​ ជា​ក្សត្រ​នៃ​នគរ​សាក្យ​ (បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ប្រទេស​នេ​ប៉ាល់​) ។​ ព្រះ​រាជ​មាតា​របស់​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ថា​ សិរិ​មហា​មាយា​ ។
     យោង​ទៅ​តាម​ប្រពៃ​ណី​នា​យុគ​សម័យ​នោះ​ ព្រះ​អង្គ​ទ្រង់​បាន​រៀប​អភិ​សេក​ទាំង​ដែល​នៅ​មាន​វ័យក្មេង​នៅ​ឡើយ​ ពោល​គឺ​នៅ​ព្រះ​ជន្ម​ ១៦ ព្រះ​វស្សា​ជា​មួយ​នឹង​ព្រះ​នាង​ យសោ​ធរាពិម្ពា​ ដែល​មាន​សម្រស់​ស្រស់​ស្អាត​និង​ពោរ​ពេញ​ទៅ​ដោយ​ស្វា​មី​ភក្តិ​រក​ស្រី​ប្រ​ដូច​គ្មាន​ ។ 
     ព្រះ​សិទ្ធត្ថ​ ទ្រង់​គង់​ប្រ​ថាប់​នៅ​ក្នុង​ព្រះ​រាជ​វាំង​របស់​ព្រះ​អង្គ​ ព្រម​ជា​មួយ​ស្រី​ស្នំ​និង​រាជ​បរិវារ​ ដែល​នៅ​រង់​ចាំ​គាល់​បម្រើ​និង​បំពេញ​ទៅ​តាម​គ្រប់​តម្រូវ​ការ​របស់​ព្រះ​អង្គ​ ។​  
    ប៉ុន្តែ​ដោយ​នឹ​ក​ស្មាន​មិន​ដល់ ព្រះអង្គទ្រង់​បាន​ជួប​ប្រទះ​នូវ​សច្ច​ធម៌​នៃ​ជី​វិត​ និង​សេចក្តី​ទុក្ខ​របស់​មនុស្ស​ជាតិ​ (សត្វ​លោក​)​ ទើប​សម្រេច​ព្រះ​ទ័យ​ដែល​នឹង​រក​ដំណោះ​ស្រាយ​ ពោល​គឺ​ផ្លូវ​ដែល​អាច​រួ​ច​ចាក​ផុត​អំពី​សេច​ក្តី​ទុក្ខ​ ដែល​មាន​នៅ​ក្នុង​លោក​យើង​នេះ​ ។
     ក្នុង​ព្រះ​ជន្មាយុ​ ២៩ ព្រះ​វស្សា​ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​ប្រសូត​នៃ​ព្រះ​រាជ​បុត្រា​មួយ​ព្រះ​អង្គ​គត់​របស់​ព្រះ​អង្គ​ គឺ​ព្រះ​រាជ​កុមារ​រាហុល​ ព្រះ​អង្គ​ទ្រង់​បាន​ចាក​ចោល​អាណា​ចក្រ​របស់​ព្រះអង្គ ហើយ​ទៅ​ទ្រង់​ផ្នួស​ជា​បព្វ​ជិត​ (ឥសី)​ ដើម្បី​ស្វែង​រក​ផ្លូវ​រំលត់​ទុក្ខ ។
    អស់​រយៈ​ពេល​ ៦ ឆ្នាំ​ ដែល​ព្រះ​ឥ​សី​គោតម​បាន​ធ្វើ​ដំណើរ​ត្រាច់​ចរ​ទៅ​តាម​តំបន់​ផ្សេង​ៗ​ នៃ​ជ្រលង​ទន្លេ​គង្គា​ ទ្រង់​បាន​ជួប​ប្រទះ​ជា​មួយ​គណា​ចារ្យ​ផ្នែក​សាសនា​ ដែល​មាន​ឈ្មោះ​បោះ​សម្លេង​ជា​ច្រើន ។ ព្រះ​អង្គ​ទ្រង់​បាន​សិក្សា​និង​បដិបត្តិ​តាម​បែប​ផែន​ ព្រម​ទាំង​វិធី​សាស្រ្ត​ផ្សេង​ៗ​របស់​គ្រូ​ទាំង​នោះ​ ដោយ​ទ្រង់​ថែម​ទាំង​បាន​ដាក់​ព្រះ​កាយ​ទទួល​យក​នូវ​វត្ត​បដិបត្តិ​បែ​ប​ទុក្ក​រកិរយា​ ដ៏​សែន​តឹង​តែង​ក្រៃលែង​ ។
     ប៉ុន្តែ​វត្ត​បដិបត្តិ​ព្រម​ទាំង​បែ​ប​ផែន​​ក៏​ដូច​ជា​វិ​ធី​សាស្រ្ត​របស់​សាសនា​ទាំង​នោះ​ មិន​បាន​ធ្វើ​ឲ្យ​ព្រះ​អង្គ​ទ្រង់​ពេញ​ព្រះ​ទ័យ​ឡើយ​ (​ដោយ​ទ្រង់​យល់​ឃើ​ញ​ថា​មិន​មែន​ជា​ផ្លូវ​ដែល​អាច​នាំ​បុគ្គល​ ឲ្យ​រួ​ច​ផុត​ចាក​ពី​សេច​ក្តី​ទុក្ខ​បាន​ ) ។
    ដូចនោះ​ហើយ​ទើប​ទ្រង់​លះ​បង់​ចោល​នូវ​សាសនា​ទាំង​ឡាយ​ដែល​មាន​មក​ពី​មុន​ រួម​ទាំង​វិធីសា​ស្រ្ត​នៃ​សាសនា​ទាំង​នោះ​ ហើយ​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​របស់​ព្រះ​អង្គ​ផ្ទាល់​ ។ 
    បន្ទាប់​ពី​នោះ​មក​រហូតដល់​យប់​មួយ​ ព្រះ​អង្គ​ទ្រង់​បាន​ប្រ​ថាប់​គង់​នៅ​ក្រោម​ដើម​ឈើ​មួយ​ (ចាប់​ពី​ពេល​នោះ​មក​ក៏​ត្រូវ​បាន​គេ​ហៅ​ថា​ " ដើមពោធិ៍ " ឬ​មាន​ន័យ​ថា​ដើម​ឈើ​នៃ​ការ​ត្រាស់​ដឹង​ ) ។ ស្ថិត​ក្នុង​រាត្រី​នោះ​ឯង​ ដែល​ព្រះ​អង្គ​ទ្រង់​សម្រេច​បាន​នូវ​ព្រះ​អនុត្តរ​សម្មា​សម្ពោធិ​ញាណ​ ត្រាស់​ដឹង​នូវ​លោកុត្តរ​ធម៌​ក្នុង​ព្រះ​ជន្មាយុ​ ៣៥​ ព្រះ​វស្សា​ ដែលបន្ទាប់​ពី​នោះ​មក​ ព្រះ​អង្គ​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ព្រះ​នា​មថា​ " ព្រះ​ពុទ្ធ​ជា​ម្ចាស់ " ឬ " ព្រះ​អ្នក​ត្រាស់​ដឹង​ " (នូវ​សេច​ក្តី​ពិត​ ) ។
     បន្ទាប់​អំពី​ការ​ត្រាស់ដឹង​របស់​ព្រះ​អង្គ​ហើយ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ក៏​បាន​ទ្រង់​ប្រទាន​នូវ​បឋម​ទេ​សនា​ដល់​បញ្ចវគ្គីយ៍​ ដែល​ជា​មិត្ត​រួ​ម​បដិ​បត្តិ​ធម៌​មក​ជា​មួយ​ព្រះ​អង្គ​តាំង​តែ​ពី​គ្រា​ដំបូង​ នា​ឧ​ទ្យាន​ក្តាន់​ស្ថិត​ក្នុង​ព្រៃ​ឥសិ​បតនៈ​ (បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​តំបន់​សារនា​ថ​របស់​ឥណ្ឌា​) ជិតនគរ​ពារាណ​សី​ ។ 
     រាប់​តាំង​អំពី​នោះ​មក​អស់​រយៈ​ពេល​ ៤៥​ ព្រះ​វស្សា​ ព្រះ​អង្គ​ទ្រង់​បាន​ទេសនា​ទូន្មាន​មនុស្ស​ប្រុស​ស្រី​គ្រប់​មជ្ឈដ្ឋាន​គ្រប់​ជាន់​ថ្នាក់​រួម​មាន​ ក្សត្រ​ ព្រាហ្ម​ណ៍​ មន្រ្តី​រាជការ​ គហបតី​ ពាណិជ្ជករ​ កសិករ​ អ្នក​សុំ​ទាន​ បព្វជិត​ ចោរ​ ដោយ​ទ្រង់​ពុំ​បាន​រើស​មុខ​ឬ​បែង​ចែង​វណ្ណៈ​ជាន់​ថ្នាក់​ក្នុង​ចំណោម​ជន​ទាំង​នោះ​ឡើយ​ ។
     ព្រះ​អង្គ​ទ្រង់​មិន​ទទួល​ស្គាល់​ផង​ដែរ​នូវ​ភាព​ខុស​ប្លែក​គ្នា​នៃ​វណ្ណៈ​ ក៏​ដូច​ជា​ការ​បែង​ចែក​ក្រុម​ជន​នៅ​ក្នុង​សង្គម​ ។ ចំពោះ​មាគ៌ា​ដែលព្រះ​អង្គ​ទ្រង់​ទូន្មាន​នោះ គឺ​ទ្រង់​បើ​ក​ទទួល​មនុស្ស​គ្រប់​ៗ​គ្នា​ដែល​ស្ម័គ្រ​ចិត្ត​ទទួល​យក​នូវ​ឱវាទ​ទូន្មាន​របស់​ព្រះ​អង្គ​ ដោយ​ពុំ​មាន​ការ​បង្ខិត​បង្ខំ​អ្វី​ឡើយ ។
    លុះ​ព្រះ​ជន្មា​យុ​គម្រប់​ ៨០​ ព្រះ​វស្សា​ ព្រះ​ពុទ្ធអង្គ​ក៏រំលត់​ខន្ធ​បរិ​និព្វាន​នៅ​នា​នគរកុសិនារា (បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​ឧត្តរ​ប្រទេស​របស់​ឥណ្ឌា)។
     បច្ចុប្បន្ន​នេះ​ ព្រះ​ពុទ្ធ​សា​សនា​ត្រូវបាន​គោ​រព​និង​ប្រ​កាន់​ខ្ជាប់​ នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​ដូច​ជា​ ស្រីលង្កា​ កម្ពុជា​ ភូមា​ ថៃ​ ឡាវ​ វៀត​ណាម​ ទី​បេតិ៏​ ចិន​ ជប៉ុន​ ម៉ុង​ហ្គោលី​ កូរ៉េ​ កោះ​ហ្វ​ម៉ូហ្សា (តៃវ៉ាន់) តំបន់​ខ្លះ​នៃ​ប្រ​ទេស​ឥណ្ឌា​ ប៉ា​គីស្ថាន​ នេប៉ាល់​ ព្រម​ទាំង​សហ​ភាព​សូវៀត​ (រុស្សី)​ ផង​ដែរ​ ។
    ពុទ្ធ​សាសនិក​ជន​ទូ​ទាំង​ពិ​ភពលោក​ មាន​ចំនួ​ន​សរុប​ច្រើន​ជា​ង​ ៥០០​ លាន​នាក់​ (អំឡុង​ទសវត្សរ៍​ទី​ ៥០ ) ។
   ស្រង​ចាក​សៀវ​ភៅ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ ? " ប្រែ​សម្រួល​ដោយ លីន-កុសល