ពិចារណាដល់សេចក្ដីល្អរបស់គេ
ពិចារណាដល់សេចក្ដីល្អរបស់គេ
ជាធម្មតាមនុស្សយើងដោយទូទៅ ម្នាក់ៗ រមែងមានចំណុចល្អខ្លះ មានចំណុចអាក្រក់ខ្លះ និងរកមនុស្សល្អសុទ្ធ មិនឲ្យមានចំណុចខ្វះខាតសោះនោះមិនបានឡើយ។
មានចំណុចខ្លះ យើងថាល្អ អ្នកដទៃថាមិនល្អ ចំណុចខ្លះទៀត យើងថាមិនល្អ តែអ្នកដទៃ ដែលធ្វើឲ្យយើងក្រោធនោះ គឺជាចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់គេម្យ៉ាង ឬអាចជាផ្នែកដែលមិនត្រូវចិត្តយើង។ កាលបើចំណុចមិនល្អរបស់គេ ឬផ្នែកណាមួយរបស់គេដែលមិនត្រូវចិត្តយើងនោះ ធ្វើឲ្យយើងក្រោធខឹង យើងកុំចេះតែនឹកដល់ចំណុចនោះ ផ្នែកនោះរបស់គេតែប៉ុណ្ណោះ គប្បីបែរទៅមើលឬរលឹកដល់សេចក្ដីល្អរបស់គេផង សេចក្ដីល្អមានដោយការ មានដោយវាចា និងមានដោយចិត្ត។
ម្យ៉ាងទៀត ដែលថាគេជាមនុស្សមិនល្អ ហើយធ្វើឲ្យយើងក្រោធនោះ គឺដោយសារតែលោភៈទោសៈមោហៈក្នុងខ្លួនរបស់គេហ្នឹងឯង ទើបធ្វើឲ្យគេទៅជាមនុស្សមិនល្អយ៉ាងនេះមួយ យ៉ាងនោះមួយ។ ក្នុងមនុស្សម្នាក់ៗ ទោះជាអាក្រក់សាមាន្យ ឬសាហាវយង់ឃ្នងយ៉ាងណាក៏ដោយបើដកយកលោភៈ ទោសៈ និងមោហៈចេញអស់ហើយ ក៏គឺជាព្រះអរហន្តដែលគួរឲ្យយើងថ្វាយបង្គំគោរពបូជាពិតៗដូច្នេះ យើងត្រូវរៀនពិចារណា ឲ្យឃើញលោភៈថាជាលោភៈ ឃើញទោសៈថាជាទោសៈ ឃើញមោហៈថាជាមោហៈ តាមសភាវៈពិត គឺត្រូវឃើញច្បាស់ថាវាជាកិលេសមារនៅជ្រែកក្នុងមនុស្សគ្រប់គ្នា។ ការពិចារណាឃើញយ៉ាងនោះ នាំឲ្យយើងកាត់បន្ថយនូវការប្រកាន់ទោសរបស់មនុស្សផងគ្នា ហើយបន្ថែមការចម្រើនករុណាធម៌ទៅលើសត្វលោកទាំងអស់វិញ ព្រមទាំងខ្លួនយើងផងព្រោះថា សត្វលោកទាំងអស់ព្រមទាំងខ្លួនយើង សុទ្ធតែជាអ្នកត្រូវកិលេសមារបៀតបៀន។
No comments:
Post a Comment